នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន DAP News និង Fresh News បានរាយការណ៍ដំណឹងស្រដៀងគ្នាថា មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព RPL នៃវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) កំពុងជួយអតីតពលករ និងប្រជាពលរដ្ឋដែលមានជំនាញស្រាប់ ឱ្យទទួលបានវិញ្ញាបនបត្រជំនាញផ្លូវការតាមស្តង់ដារជាតិ។
ក្នុងរបាយការណ៍របស់ខ្លួន DAP News បានលើកឡើងថា «ការធ្វើតេស្តទទួលស្គាល់ ការសិក្សាដែលមានពីមុន (RPL) មិនត្រឹមតែជាយន្តការដ៏សំខាន់មួយ ក្នុងការទទួលស្គាល់ចំណេះដឹង ជំនាញ និងបទពិសោធការងារ ដែលបេក្ខជនមានស្រាប់ ឱ្យក្លាយជាវិញ្ញាបនបត្រជាតិផ្លូវការនោះទេ ប៉ុន្តែវាក៏ជាកូនសោបើកទ្វារទៅកាន់ការងារ ជំនាញ និងប្រាក់ចំណូលកាន់តែប្រសើរឡើងផងដែរ»។
លោក អ៊ុកវង្ស ឌីនីកា តំណាងមជ្ឈមណ្ឌល RPL ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានទាំងពីរនោះ បានថ្លែងបញ្ជាក់បន្ថែមថា «RPL មិនត្រឹមតែទទួលស្គាល់ជំនាញដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំប្លែងបទពិសោធការងាររបស់អតីតពលករឱ្យក្លាយជាវិញ្ញាបនបត្រផ្លូវការ ដែលជាកូនសោបើកទ្វារទៅកាន់ការងារ ជំនាញ និងប្រាក់ចំណូលកាន់តែប្រសើរនាពេលអនាគត»។
បើតាមលោក ឌីនីកា ចាប់ពីថ្ងៃទី៨ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបានធ្វើតេស្តវាយតម្លៃសមត្ថភាពជូនដល់អតីតពលករ និងប្រជាពលរដ្ឋដែលមានជំនាញស្រាប់សរុបចំនួន ១៨៥នាក់ ក្នុងនោះមានស្ត្រីចំនួន ១២នាក់។
ថ្នាក់ដឹកនាំមជ្ឈមណ្ឌលរំពឹងថា វិញ្ញាបនបត្រជំនាញផ្លូវការទាំងនេះ នឹងក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់អ្នកទទួលបាន ក្នុងការស្វែងរកការងារដែលមានជំនាញ និងប្រាក់ចំណូលខ្ពស់ជាងមុននាពេលអនាគត។