កាសែត The Guardian របស់ចក្រភពអង់គ្លេស និង The Straits Times របស់សិង្ហបុរី បានរាយការណ៍ថា កាលពីថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ តុលាការសហព័ន្ធសហរដ្ឋអាមេរិកនៅក្រុងម៉ៃអាមី បានកាត់ទោសបុរសចំនួន ៤ នាក់ ដែលមានទីលំនៅភាគខាងត្បូងរដ្ឋហ្វ្លូរីដា ឲ្យមានពិរុទ្ធពីបទសមគំនិតរៀបចំធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moïse។
តាមការរាយការណ៍ដដែល នៅក្នុងសវនាការរយៈពេល ៩ សប្តាហ៍ ព្រះរាជអាជ្ញាបានដាក់ភស្តុតាងបង្ហាញថា បុរសទាំង ៤ នាក់នេះបានប្រមូលផ្តុំអតីតទាហានកូឡុំប៊ីប្រមាណ ២៤ នាក់ ហើយផ្តល់ប្រាក់ កាំភ្លើង គ្រាប់រំសេវ និងអាវការពារគ្រាប់ដល់ពួកគេ ដើម្បីឲ្យធ្វើការវាយប្រហារលើគេហដ្ឋានរបស់លោក Moïse នៅរដ្ឋធានី Port-au-Prince។
លោក Moïse ដែលមានអាយុ ៥៣ ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅក្នុងគេហដ្ឋានឯកជនរបស់លោក ដែលស្ថិតនៅលើជួរភ្នំពីលើក្រុង Port-au-Prince កាលពីខែកក្កដា ឆ្នាំ២០២១។
The Guardian បានរាយការណ៍បន្តថា ការធ្វើឃាតនេះបានបន្សល់ទុកនូវភាពខ្វះចន្លោះផ្នែកនយោបាយដ៏ធ្ងន់ធ្ងរក្នុងប្រទេសការ៉ាអ៊ីបមួយនេះ ហើយបានជំរុញឲ្យក្រុមក្មេងទំនើងប្រដាប់អាវុធដែលមានឥទ្ធិពល កាន់តែមានកម្លាំងឡើង ដែលធ្វើឲ្យស្ថានការណ៍សន្តិសុខក្នុងស្រុកកាន់តែយ៉ាប់យ៉ឺន។